" "

Pages

f

Thursday, February 11, 2016

ហេតុអ្វីបានជាភពផែនដីទ្រទ្រង់ជីវិតបាន?

ហេតុអ្វីបានជាភពផែនដីទ្រទ្រង់ជីវិតបាន?

១- ទីតាំងផែនដី (ប្រព័ន្ធព្រះអាទិត្យ) ក្នុងកាឡាក់ស៊ីមីលគីវ៉េ ៖ គឺស្ថិតនៅចំទីតាំងល្អបំផុត ពោលគឺមិននៅជិតពេក ឬឆ្ងាយពេកពីចំណុចកណ្តាលនៃកាឡាក់ស៊ីនេះ។ វាជាតំបន់ ដែលអាចរស់នៅបាន ហើយតំបន់នេះមានចំនួនធាតុគីមីចាំបាច់សម្រាប់ទ្រទ្រង់ជីវិត។ បើវាស្ថិតនៅឆ្ងាយជាងនេះ គឺមិនសូវមានធាតុគីមីទាំងនោះទេ ហើយបើវាស្ថិតនៅជិត ជាងនេះ គឺគ្មានសុវត្ថិភាពទេ ព្រោះទីនោះមានវិទ្យុសកម្មច្រើន ដែលអាចសម្លាប់ជីវិតបាន ឬក៏មានលក្ខណៈផ្សេងទៀតដែលបង្កគ្រោះថ្នាក់។

២- ទំហំ និងទីតាំងផែនដីក្នុងប្រព័ន្ធព្រះអាទិត្យ ៖ ផែនដីមានទំហំសមល្មម និងស្ថិតនៅចំ ទីតាំងល្អបំផុត នៅក្នុងគន្លងមួយដែលមានចម្ងាយជាមធ្យមប្រមាណ ១៥០លានគ.ម ពីព្រះអាទិត្យ គឺមានតែគន្លងនេះប៉ុណ្ណោះដែលអាចទ្រទ្រង់ជីវិតបាន ពីព្រោះវាមិន ត្រជាក់ពេក ឬក្តៅពេកទេ។
៣- ព្រះអាទិត្យ ៖ ព្រះអាទិត្យជាប្រភពថាមពលដ៏ល្អឥតខ្ចោះ និងទុកចិត្តបាន ហើយទំហំ របស់វាគឺត្រឹមត្រូវសម្រាប់ផែនដី ដើម្បីទ្រទ្រង់ជីវិត។ បើព្រះអាទិត្យមានទំហំធំ ឬតូចជាងនេះ នោះថាមពលកម្តៅដែលវាបញ្ចេញមកកាន់ផែនដី នឹងក្តៅខ្លាំងជាងនេះ ឬខ្សោយជាងនេះ ដែលមិនទ្រទ្រង់ជីវិតលើផែនដីឡើយ។
៤- ព្រះចន្ទ ៖ ជាអ្នកជិតខាងដ៏ល្អឥតខ្ចោះរបស់ផែនដី។ វាមានអង្កត់ផ្ចិតតូចជាងអង្កត់ផ្ចិត របស់ផែនដីប្រមាណ ៧០% ប៉ុណ្ណោះ ដែលនេះជាទំហំធំខុសធម្មតា បើប្រៀបធៀបជាមួយ នឹងភពរណបឯទៀតក្នុងប្រព័ន្ធព្រះអាទិត្យ។ ទំនាញរបស់ព្រះចន្ទ គឺជាកត្តាសំខាន់បំផុត ក្នុងការធ្វើឲ្យទឹកជោរ និងនាច ដែលចាំបាច់ក្នុងប្រព័ន្ធធម្មជាតិលើផែនដី។ ទំនាញនេះ ជួយឲ្យអ័ក្សរង្វិលខ្ញាល់របស់ផែនដីមានលំនឹងជានិច្ច។ បើគ្មានព្រះចន្ទដែលត្រូវគ្នានឹងទំហំ ផែនដីទេ នោះផែនដីនឹងឃ្លេងឃ្លោង ហើយប្រហែលអាចក្រឡាប់ផង។ ជាលទ្ធផលនឹងមាន ការប្រែប្រួលខ្លាំងខាងអាកាសធាតុ ទឹកជោរនិងនាច និងអ្វីៗផ្សេងទៀត ដែលនឹងបង្កើត ឲ្យមានមហន្តរាយធម្មជាតិធំៗ។
 
 
៥- អ័ក្សទ្រេត និងរង្វិលខ្ញាល់របស់ផែនដី ភាពទ្រេតប្រមាណ ២៣,៤អង្សា របស់ផែនដី បង្កើតឲ្យមានរដូវកាលផ្សេងៗ អាកាសធាតុត្រជាក់បង្គួរ និងតំបន់អាកាសធាតុផ្សេងៗ ជាច្រើនទៀត។ អ័ក្សទ្រេតនេះ គឺល្អឥតខ្ចោះដើម្បីទ្រទ្រង់ជីវិត។ ចំណែករង្វិលខ្ញាល់វិញ គឺបង្កឲ្យមានរយៈពេលថ្ងៃ និងយប់ដ៏ល្អឥតខ្ចោះដែរ។ បើផែនដីវិលយឺតជាងនេះ នោះ ផ្នែកដែលឈមនឹងព្រះអាទិត្យនឹងក្តៅដូចឡ ឯមួយផ្នែកទៀតនឹងត្រជាក់ដូចទូទឹកកក។ ផ្ទុយទៅវិញ បើផែនដីវិលលឿនជាងនេះតែ ២-៣ ម៉ោងវិញប៉ុណ្ណោះ នោះវានឹងបង្កើតឲ្យ មានខ្យល់ព្យុះបក់បោកឥតឈប់ឈរ។
៦- ដែនម៉ាញ៉េទិចផែនដី ក្នុងលំហអាកាសសម្បូរទៅដោយផ្កាយព្រះគ្រោះ និងវិទ្យុសកម្ម ដែលអាចសម្លាប់ជីវិតបាន តែផែនដីមានដែនម៉ាញ៉េទិច ជាខែលការពារដ៏ពិសេស។ ដែននេះនៅព័ទ្ធជុំវិញផែនដី និងលាតសន្ធឹងឆ្ងាយទៅក្នុងលំហអាកាស។ វាការពារផែនដី ដោយកាត់បន្ថយនូវឥទ្ធិពលនៃវិទ្យុសកម្ម និងថាមពលផ្សេងៗពីព្រះអាទិត្យ ដែលអាច សម្លាប់ជីវិតបាន។ ថាមពលទាំងនោះរួមមាន ខ្យល់ព្រះអាទិត្យដែលបញ្ចេញព្យុះយ៉ាងខ្លាំង ទៅក្នុងលំហ អណ្តាតភ្លើងព្រះអាទិត្យដែលបញ្ចេញថាមពលខ្លាំងស្មើនឹងគ្រាប់បែកអ៊ី ដ្រូសែនរាប់ពាន់លានគ្រាប់ និងកូរ៉ូណា (ការផ្ទុះនៅស្រទាប់ក្រៅបំផុតរបស់ព្រះអាទិត្យ) ដែលបញ្ចេញវត្ថុធាតុរាប់ពាន់លានតោនទៅក្នុងលំហអាកាស។
៧- បរិយាកាសផែនដី ៖ ជាស្រទាប់ឧស្ម័នគ្របដណ្តប់ផែនដី ដែលជួយដល់ការដកដង្ហើម និងជាខែលការពារផែនដី។ ស្រទាប់ក្រៅនៃបរិយាកាសមានស្រទាប់នៃឧស្ម័នអូស្សូន ដែលមាននាទីចាប់យកកាំរស្មីស្វាយអ៊ុលត្រាប្រមាណ៩៩% ដែលចាំងមកលើផែនដី មិនឲ្យវាបង្កគ្រោះថ្នាក់ដល់ភាវរស់លើផែនដី។ វាជាស្រទាប់ដែលមានប្រសិទ្ធភាពខ្ពស់ និងប្រែប្រួលតាមកាលៈទេសៈ ពោលគឺកាលណាបរិមាណកាំរស្មីស្វាយអ៊ុលត្រាកើនឡើង នោះបរិមាណអូស្សូនក៏កើនឡើងដែរ។ បរិយាកាសក៏ការពារយើងផងដែរ ពីវត្ថុធាតុរាប់ លានដែលហោះឆ្ពោះមករកផែនដីជារៀងរាល់ថ្ងៃ។ ចំនួនភាគច្រើននៃអង្គទាំងនោះ ត្រូវឆេះសុសពេលហោះកាត់បរិយាកាសផែនដី។ ប៉ុន្តែ បរិយាកាស មិនបាំងកាំរស្មីដែល ចាំបាច់សម្រាប់ជីវិតទេ ដូចជាកម្តៅ និងពន្លឺ។ លើសពីនេះ វាជួយធ្វើឲ្យកម្តៅសាយភាយ ជុំវិញផែនដី ហើយនៅពេលយប់វាប្រៀបដូចជាភួយ ដែលជួយទប់កម្តៅកុំឲ្យឆាប់ចេញ ពីបរិវេណផែនដី ទៅក្នុងលំហអាកាសវិញ។

៨- វដ្តធម្មជាតិ ៖ រួមមាន ទី១ វដ្តទឹក ដែលជួយដល់ការសម្អាត និងផ្គត់ផ្គង់ទឹកសាបដល់គ្រប់ ទីកន្លែងលើផែនដី។វាមានបរិមាណច្រើនល្មមគ្របដណ្តប់ផ្ទៃផែនដីទាំងមូលដល់ជម្រៅជាង ៨០ស.ម ។ ទី២ វដ្តកាបូនឌីអុកស៊ីត និងអុកស៊ីសែន ដែលជួយដល់ការដកដង្ហើមនៃភាវរស់ និងរុក្ខជាតិ ជាហេតុធ្វើឲ្យវាមិនចេះអស់អុកស៊ីសែន ហើយក៏មិនចេះពេញទៅដោយកាបូន ឌីអុកស៊ីតដែរ។ រុក្ខជាតិធ្វើរស្មីសំយោគ ដោយស្រូបយកកាបូនឌីអុកស៊ីត ដែលយើងបញ្ចេញ ចោល និងផលិតមកវិញនូវជាតិស្ករ និងអុកស៊ីសែន។ វាប្រព្រឹត្តទៅដោយស្ងៀមស្ងាត់ មិនខាតថាមពល ហើយក៏មិនមានកាកសំណល់ដែរ។ និងទី៣ វដ្តអាសូត គឺជួយដល់ការ បង្កើតនូវម៉ូលេគុលសរីរាង្គដូចជាប្រូតេអ៊ីន ដើម្បីទ្រទ្រង់ជីវិតលើផែនដី។ នៅក្នុងបរិយាកាស មានអាសូតពេញបរិបូរ គឺប្រមាណ ៧៨%។
ផ្លេកបន្ទោរបំប្លែងវាឲ្យទៅជាសមាសធាតុដែលរុក្ខជាតិអាចស្រូបយកបាន។ រួចមក រុក្ខជាតិប្រើប្រាស់សមាសធាតុទាំងនោះបង្កើតជាម៉ូលេគុលសរីរាង្គ។ ដូច្នេះ សត្វផ្សេងៗដែល ស៊ីរុក្ខជាតិទាំងនោះ ក៏ទទួលបានអាសូតដែរ។ ដល់ពេលវាស្លាប់ និងរលួយទៅវិញ អាសូត ក៏ចូលទៅក្នុងដី និងបរិយាកាសវិញដែរ។
 
៩- ការប្រើប្រាស់ឡើងវិញនូវធាតុកខ្វក់ ៖ សកម្មភាពរបស់មនុស្សតែងតែបន្សល់ទុកនូវកាកសំណល់ជាតិពុលទៅក្នុងធម្មជាតិរាប់តោន ដែលពួកគេមិនអាចកែច្នៃប្រើប្រាស់ឡើងវិញបាន។ ប៉ុន្តែ ផែនដីអាចប្រើប្រាស់ធាតុកខ្វក់ ទាំងអស់របស់វាឡើងវិញបានយ៉ាងល្អឥតខ្ចោះ តាមវិធីសាស្ត្រដ៏ពូកែរបស់វា គឺកែច្នៃធាតុ កខ្វក់តាមរយៈធាតុគីមី។
…………… នៅមានចំណុចជាច្រើនទៀត ដែលមនុស្សមិនទាន់យល់ច្បាស់ ……………
តើលក្ខណៈទាំងនេះបានកើតឡើងមកដោយចៃដន្យ ឬត្រូវបានបង្កើតឡើងដោយមានគោលបំណងច្បាស់លាស់?
បើប្រព័ន្ធធម្មជាតិនៅលើផែនដី ពិតជាបានកើតឡើងដោយចៃដន្យមែន នោះវាមិនអាចសហការគ្នាបានយ៉ាងល្អឥតខ្ចោះដូច្នេះឡើយ...!!!
Credit: Sarath Yam
អត្តបទ៖ កែវ វិចិត្រ

0 comments: